នាព្រឹកថ្ងៃសុក្រ ៤កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤, ឯកឧត្តម ប៉ែន ធីរុង្គ អនុរដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (ក.ស.ហ.វ.), អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.), និងជាប្រធានក្រុមការងារបច្ចេកទេស ការគ្រប់គ្រងវិនិយោគសាធារណៈ, តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការ នៃ ក.ស.ហ.វ., និងជាអគ្គលេខាធិការ នៃ អ.គ.ហ. បានដឹកនាំកិច្ចប្រជុំស្តីពីវឌ្ឍនភាពនៃការអនុវត្តយុទ្ធសាស្ត្រស្តីពីការកែទម្រង់ការគ្រប់គ្រងវិនិយោគសាធារណៈ ២០១៩-២០២៤ និងជំនួយបច្ចេកទេស (TAs)។ គោលបំណងនៃកិច្ចប្រជុំ គឺដើម្បីពិភាក្សាពីវឌ្ឍនភាពនៃការអនុវត្តយុទ្ធសាស្ត្រស្តីពីការកែទម្រង់ការគ្រប់គ្រងវិនិយោគសាធារណៈ ២០១៩-២០២៤ និងជំនួយបច្ចេកទេស (TAs) ដែលគាំទ្រដោយសហភាពអ៊ឺរ៉ុប (EU) ព្រមទាំងគោរពស្នើសុំគោលការណ៍ណែនាំបន្ថែម ពីឯកឧត្តមប្រធាន លើការគ្រប់គ្រងវិនិយោគសាធារណៈ ក៏ដូចជាទិសដៅ និងជំហានបន្ទាប់។
កិច្ចប្រជុំនេះមានការចូលរួមពីប្រធានកិច្ចសហប្រតិបត្តិការនៃសហភាពអ៊ឺរ៉ុប, អ្នកគ្រប់គ្រងកម្មវិធីសហភាពអ៊ឹរ៉ុបប្រចាំកម្ពុជា, ទីប្រឹក្សាបច្ចេកទេស, មន្ត្រីជំនាញជាន់ខ្ពស់ផ្នែកតាមដាន ត្រួតពិនិត្យ វាយតម្លៃ និងមន្ត្រីជំនាញជាន់ខ្ពស់ មន្ត្រីជំនាញផ្នែកអនុវត្តថវិកា នៃ អ.គ.ហ.។